បែកធ្លាយជំនាញសុយោដីនិងអភិបាលស្រុកភ្នំស្រួចចុះហត្ថលេខាលក់ដីជាន់លើដីពលរដ្ឋ (កោះសន្តិភាព)
ថ្ងៃសៅរ៏ ទី២៧ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ២១:៤៧
ប្រជាពលរដ្ឋមួយរូបនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យ« កោះសន្តិភាព»ដឹងថា កាលពីអំឡុងឆ្នាំ២០០៦ ជំនាន់លោកចាប ញ៉ាលីវុធ ជាអភិបាលខេត្ត គឺមានក្រុមហ៊ុនដំណាំឧស្សាហកម្មចូលមកធ្វើការអភិវឌ្ឈន៍តាមរយៈ រដ្ឋាភិបាល តែក្រុមហ៊ុនមួយនោះមិនបានធ្វើតាមកិច្ចសន្យាជាមួយក្រសួងកសិកម្មឡើយ ។ ក្រោយមកតាមលិខិតលេខ១៤៦៩សជណ របស់ទីស្តីការគណរដ្ឋមន្ត្រី ចុះ
ថ្ងៃទី០១ កញ្ញា ២០០០ ក្រុមហ៊ុននេះក៏ត្រូវបានខេត្តសំរេចធ្វើការដកហូតយកមកជាដីកម្មសិ ទ្ឋិរដ្ឋ ដោយផ្ទេរដីនោះទៅឱ្យក្រុមហ៊ុនដំណាំឧស្សាហកម្មអ៊ុកឃុនវិញ ។ តែក្នុងលិខិតនោះក៏មានចែងដែរថា ដីដែលប្រជាពលរដ្ឋអាស្រ័យផល គឺអាស្រ័យផលជាធម្មតា បើភាគីក្រុមហ៊ុនចង់បានត្រូវធ្វើការដោះស្រាយគោលនយោបាយជាមួយ ប្រជាពលរដ្ឋ ឬក៏មានការព្រមព្រៀងតាមលក្ខខណ្ឌណាមួយជាមួយប្រជាពលរដ្ឋ ទើបក្រុមហ៊ុនអាចធ្វើការដាំដុះនៅលើដីនោះបាន ។
ប្រភពបន្តថា ស្រាប់តែនៅខែមិថុនា ២០១៥ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបែកធ្លាយប្លង់ដីមួយមានទំហំ៣៥០ហិកតា ដែលក្នុងនោះមានដីរបស់ពួកគាត់ដែលកំពុងកាន់កាប់ក៏ស្ថិតក្នុង ប្លង់នោះផងដែរ ។ ក្នុងប្លង់ដែលបែកធ្លាយចេញមកនោះមានការចុះហត្ថលេខាតាំងពីមន្ត្រី ជំនាញវាស់វែង មេឃុំត្រែងត្រយឹង និងលោកពេជ្រ ចន្ថា អភិបាលស្រុកភ្នំស្រួចបច្ចុប្បន្នផងដែរ ដោយដីទាំងនោះត្រូវបានដឹងថា គេឃុបឃិតគ្នាលក់ទៅឱ្យក្រុមហ៊ុនថ្មីមួយទៀត គឺក្រុមហ៊ុនជងអ៊យអាយវី ក្នុងតម្លៃជិត២លានដុល្លារ ។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះទាំងអាជ្ញាធរស្រុក និងជំនាញបាននាំគ្នាចុះទៅចំណុចភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ធ្វើការដកហូតដីពីប្រជាពលរដ្ឋដែលកំពុងតែកាន់កាប់ និងអាស្រ័យផល ដោយយកលេសថា ក្រុមប្រជាពលរដ្ឋបានកាន់កាប់លើដីក្រុមហ៊ុនទៅវិញ តែដោយមានការតវ៉ាប្រឆាំងពីសំណាក់ម្ចាស់ដី ទើបការចុះទៅនោះត្រូវបរាជ័យ។
បើតាមមន្ត្រីសាលាខេត្តមួយរូបបានឱ្យដឹងថា ពិតជាមានរឿងដូចអ្វីដែលប្រជាពលរដ្ឋបានលើកឡើងមែន តែរហូតមកដល់ពេលនេះតាមរយៈការតស៊ូផ្លូវច្បាប់ ខាងប្រជាពលរដ្ឋប្រមាណជា៥៨គ្រួសាបានដាក់ពាក្យបណ្តឹងទៅខាងអាជ្ញាធរ ជាតិដោះស្រាយវិវាទដីធ្លី ដើម្បីឱ្យជួយរកដំណោះស្រាយ ។ មន្ត្រីដដែលបន្តថា ជាលទ្ឋផលថ្នាក់ដឹកនាំក៏ដូចជាខាងអាជ្ញាធរជាតិបានបង្កើតគណកម្មការ មួយជាបន្ទាន់បំផុតដើម្បីចុះស្រាវជ្រាវរឿងនេះ ។
រហូតមកដល់ពេលនេះ ក្រុមជំនាញកំពុងតែចុះស្រាវជ្រាវរកមូលហេតុពិតថា តើដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងដែរឬអត់ ? ឥឡូវនេះក្រុមការងារកំពុងតែចុះស្រាវជ្រាវលើករណីទាំងនេះ ឯលទ្ឋផលយ៉ាងណានោះរង់ចាំចប់បេសកកម្មសិន ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងជាសំណួរថា ហេតុអ្វីបានជាក្រុមហ៊ុនមួយដែលទីស្តីការគណរដ្ឋមន្ត្រីសំរេចធ្វើការ ដកហូតដីហើយ បែរជាក្រុមហ៊ុននោះមានប្លង់កាន់កាប់ដីទៅវិញ ? ការដកគឺដកយកមកធ្វើជាដីសម្បទានរដ្ឋ មូលហេតុអ្វីអាចធ្វើប័ណ្ណបាន ? ខណៈដែលក្រុមហ៊ុនកំពុងមានបញ្ហាដូច្នេះ តើទាំងនេះជាការបន្លំឯកសារតាមរយៈការក្លែងដើម្បីបន្លំភ្នែក អាជ្ញាធរ ? ឬមួយឯកសារទាំងនោះគឺជាឯកសារដែលរៀបចំឡើងតាមរយៈការលក់ទិញពី ប្រជាពលរដ្ឋ ។ រីឯជំនាញវិញ ហេតុអ្វីបានជាដឹងហើយលឺហើយថា ក្រុមហ៊ុននេះត្រូវបានលុបចោលតាមរយៈលិខិតលេខ១៤៦៩សជណ ហេតុអ្វីបានជាលោកដែលជាមន្ត្រីវាស់វែងហ៊ានធ្វើការវាស់វែងគ្របលើ ដីប្រជាពលរដ្ឋ ទាំងក្រុមហ៊ុនមួយនេះមិនទាន់បានដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋ តំបន់នេះនៅឡើយទេ ។
ជាងនេះទៅទៀតគេនាំគ្នាធ្វើប័ណ្ណកម្មសិទ្ឋិទៅវិញទាំងដឹងថា ដីនេះជាដីសម្បទានរបស់រដ្ឋ(ក្រុមហ៊ុនអ៊ុកឃុន) ដែលមានអ្នកស្រីសុខ សុភាព ជានាយិការ ។ រីឯលោកស្រីកែវ សុផាត មេឃុំត្រែងត្រយឹង និងលោកអ៊ុំ វុទ្ឋី ប្រធានការិយាល័យដែនដី និងភូមិបាលស្រុកភ្នំស្រួច ព្រមទាំងលោកពេជ្រ ចន្ថា អភិបាលស្រុកភ្នំស្រួច ហេតុអ្វីបានជាចុះហត្ថលេខាធ្វើប្លង់លើដីសម្បទានសេដ្ឋកិច្ចទៅវិញ និងជាន់គ្នាលើដីប្រជាពលរដ្ឋដែលអាស្រ័យផលទៅវិញ ? តើអាចទៅរួចដែរទេ ? ដែលដីសម្បទានអាចក្លាយទៅជាដីដែលមានប្លង់កម្មសិទ្ឋិ ?
ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារអះអាងថា ពួកគាត់មិនបានផ្តិតមេដៃលក់ដីទៅឱ្យក្រុមហ៊ុនអភិវឌ្ឈន៍ដំណាំ ឧស្សាហកម្មអ៊ុកឃុន និងអ្នកផ្សេងឡើយ ។
ពាក់ព័ន្ឋនឹងបញ្ហាដីធ្លីដូចអ្វីដែលប្រជាពលរដ្ឋបានលើកឡើងនេះ ដែរ «កោះសន្តិភាព»បានសុំការបកស្រាយពីលោកស្រីកែវ សុផាត មេឃុំត្រែងត្រយឹង នៅព្រឹកថ្ងៃទី២៧ មិថុនា ២០១៥ ដោយលោកស្រីបញ្ជាក់ថា (រឿងនេះលោកស្រីមិនច្បាស់ទេ បើសួរជំនាញទើបច្បាស់ ព្រោះឯកសារគឺរត់ពីលើមកលោកស្រីមិនហ៊ានចេញដោយខ្លួនឯងនោះទេ ។ ប៉ុន្តែបើដីនៅខាងត្បូងផ្លូវជាតិលេខ៤ គឺចន្លោះគីឡូម៉ែត្រលេខ៧៩ ដល់ពេជ្រនិលឯណោះ សុទ្ឋតែជាដីសម្បទាន ហើយការផ្ទេរ ឬកាត់លក់យ៉ាងម៉េចគឺអាស្រ័យលើជំនាញទេ ខាងឃុំមិនមានសិទ្ឋិលក់ដីច្រើនបែបនេះទេ ។ តែបើតាមអ្វីដែលលោកស្រីដឹងឯកសារទាំងអស់គឺខាងជំនាញជាអ្នកកាន់មក ។ តែសំរាប់លោកស្រី មុននឹងចុះហត្ថលេខា គឺលោកស្រីបានពិនិត្យឯកសារពាក់ព័ន្ឋ និងយោងតាមឯកសារដើម ទើបលោកស្រីហ៊ានចុះហត្ថលេខា ព្រោះមិនចង់ពាក់ព័ន្ឋនឹងរឿងខុសច្បាប់ឡើយ ។ លោកស្រីកែវ សុផាត បានបញ្ជាក់ទៀតថា នៅពេលលោកស្រីសួរជំនាញ(លោកអ៊ុំ វុទ្ឋី)ថា ហេតុអ្វីឱ្យគាត់ស៊ីញ៉េដីរាប់រយហិកតាបែបនេះ ? គេប្រាប់មកវិញថា គេនិយាយគ្នាអស់ហើយដោយគេ(លោកអ៊ុំ វុទ្ឋី)ឆ្លើយថា សុទ្ឋតែមានឯកសារប្លង់រឹងប្លង់អីគេហ្នឹង គឺថ្នាក់លើបាននិយាយគ្នាអស់ហើយ ។ ជាពិសេសរវាងយាយអ៊ុកឃុន និងអ្នកពាក់ព័ន្ឋគាត់មានសិទ្ឋិកាត់យ៉ាងម៉េច រូបគាត់ជាមេឃុំមិនសូវដឹងទេ ។ ហើយចំពោះការចុះហត្ថលេខាសុទ្ឋតែមានការឯកភាពពីលើមកអស់ហើយដែរ) ។
ចំណែកឯលោកអ៊ុំ វុទ្ឋី វិញបានអះអាងថា ការដែលស៊ីញ៉េដើម្បីធ្វើប្លង់គឺមានការឯកភាពលក់ពីម្ចាស់ដីទើប ជំនាញ និងអាជ្ញាធរហ៊ានធ្វើ ។ ចំណែករឿងលក់ដីនេះទៅឱ្យក្រុមហ៊ុនជងអ៊យអាយវី គឺអត់ពាក់ព័ន្ឋនឹងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋឡើយ ។
ប្រជាពលរដ្ឋមួយរូបដែលហ៊ានចេញមុខមកបកស្រាយឈ្មោះញឹម ឬទ្ឋី រស់នៅភូមិតាឡាត់ចាស់ ឃុំអូរស្រុកភ្នំស្រួច ក៏បានឱ្យដឹងដែរថា រឿងអាជ្ញាធរចេញប្លង់ដីជាន់លើដីរបស់ក្រុមប្រជាពលរដ្ឋនេះ គឺគាត់បានដាក់ពាក្យប្តឹងជំទាស់ដែរ តែមិនដឹងជាយ៉ាងម៉េចស្រាប់តែឃើញប្លង់គេចេញមកប៉ិនណាណី ធ្វើឱ្យគាត់ និងប្រជាពលរដ្ឋដទៃទៀតហួសចិត្តគ្រប់គ្នា ។
អ្វីដែលកោះសន្តិភាពទទួលបានគឺមានចំណុច UTM មួយចំនួនគឺ X419788-419798-419876-419945-419987 និង Y1248451-1248672-1248952-1249089-1249055 ចំណុច UTM ទាំងនេះហើយដែលមាននៅក្នុងប្លង់ដែលអាជ្ញាធរឃុំ ស្រុក និងជំនាញចុះហត្ថលេខាធ្វើប្លង់ជាន់ពីលើទាំងម្ចាស់ដីកំពុងអាស្រ័យ ផល និងមិនបានលក់ដូរទៅឱ្យអ្នកផ្សេងណាអ្វីទាំងអស់ ដូចការលើកឡើងរបស់លោកអ៊ុំ វុទ្ឋី ទេ ។
លោកពេជ្រ ចន្ថា អភិបាលស្រុកភ្នំស្រួច ក៏បានឱ្យដឹងដែរថា ដីដែលលោកចុះហត្ថលេខាធ្វើប្លង់នោះជាដីដែលលោកស្រី វុទ្ឋី ប្រមូលទិញពីប្រជាពលរដ្ឋ ដោយមានឯកសារប្រមូលទិញត្រឹមត្រូវ តែរឿងដែលជាន់គ្នាយ៉ាងម៉េចនោះលោកមិនបានដឹងទេ វាជារឿងរបស់លោកស្រី វុទ្ឋី ជាអ្នកធ្វើ ។ គ្រាន់តែថា ដីវានៅក្នុងទីតាំងក្រុមហ៊ុនមែន ប៉ុន្តែក្រុមហ៊ុនមិនបានយកដីហ្នឹងទៅលក់ទេ ។ ចំណែកឯរឿងដែលថាលោកឃុបឃិតគ្នាលក់ដីក្រុមហ៊ុននេះ វាលឺយូរមកហើយ គ្រាន់តែលោកមិនសូវចាប់អារម្មណ៍ ព្រោះថារឿងលក់ដីនេះជារឿងរបស់ប្រជាពលរដ្ឋ ។
«កោះសន្តិភាព»បានព្យាយាមទាក់ទងទៅលោកស្រី វុទ្ឋី ដែលជាដើមចមក្នុងរឿងនេះដើម្បីសុំការពន្យល់ដែរ តែប្រព័ន្ឋទូរស័ព្ទមិនអាចទាក់ទងបាន ។
ក្រុមប្រជាពលរដ្ឋសំណូមពរទៅក្រុមការងារខេត្តក៏ដូចជាអន្តរក្រសួង ដែលចុះមកស្រាវជ្រាវរឿងនេះ ធ្វើយ៉ាងណាជួយរកយុត្តិធម៌ជូនពួកគាត់ផង ព្រោះពួកគាត់មិនចង់មានបញ្ហានោះទេ ។ ម្យ៉ាងម្នាក់ៗមានដីបន្តិចបន្តួចទុកគ្រាន់អាស្រ័យផលចិញ្ចឹមជីវិត ចុះបើគេដណ្តើមតាមរយៈប្លង់ដែលចុះហត្ថលេខាដោយជំនាញ និងអាជ្ញាធរស្រុកយកអស់ទៅ តើថ្ងៃក្រោយពួកគាត់បានអ្វីធ្វើស្រែចំការចិញ្ចឹមជីវិតទៀត ៕