បារាំងប្រារព្ធពិធីគោរពវិញ្ញានក្ខន្ធជាតិចំពោះកុម្ម៉ង់ដូ ២នាក់ស្លាប់ក្នុងប្រទេសបួគីណាហ្វាសូ

នៅ​ថ្ងៃ​អង្គារ ទី១៤ ឧសភា ប្រទេស​បារាំង​បាន​រៀបចំ​ពិធី​គោរពវិញ្ញានក្ខន្ធជាតិ​ចំពោះ​កុម្ម៉ង់ដូ ២នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​បួគីណាហ្វាសូ។ មរណៈភាព​របស់​កុម្ម៉ង់ដូ​បារាំង​ទាំង ២នាក់​ដែល​ម្នាក់​មាន​អាយុ ៣៣ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ២៨ឆ្នាំ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​ចំណាប់ខ្មាំង​ចំនួន ៤នាក់​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១០ ឧសភា។ ពិធី​គោរពវិញ្ញានក្ខន្ធជាតិ​ថ្ងៃ​នេះ​មាន​ការ​ចូលរួម​ពី​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង នាយករដ្ឋមន្រ្តី សមាជិក​ក្នុង​រដ្ឋាភិបាល កងទ័ព ឥស្សរជន​នយោបាយ ព្រម​ទាំង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត។ ទាំង​នេះ​មិន​ភ្លេច​និយាយ​ពី​ការ​ចូលរួម​របស់​សមាជិក​ក្រុមគ្រួសារ​ជិត ឆ្ងាយ​របស់​សព​កុម្ម៉ង់ដូ​ទាំង ២រូប ពិសេស​ភរិយាយ​របស់​ពួក​គេ។ នៅ​ក្នុង​ពិធី​គោរពវិញ្ញានក្ខន្ធជាតិ លោក​ម៉ាក្រុង​ថ្លែង​ថា បារាំង​ជា​រដ្ឋ​មួយ​ដែល​មិន​បោះបង់​ចោល​ពលរដ្ឋ​របស់​ខ្លួន​ដាច់​ខាត រួច​បន្ថែម​ថា បារាំង​នឹង​បន្ត​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវនិយម​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់ ទាំង​នៅ​ក្រៅ​ស្រុក និង​នៅ​លើ​ទឹកដី​បារាំង។



















« បារាំង​ជា​រដ្ឋ​មួយ​ដែល​មិន​បោះបង់​ចោល​កូនចៅ​របស់​ខ្លួន​ជា​ដាច់​ខាត ទោះ​ឋិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ និង​ទោះ​ឋិត​នៅ​ជ្រុង​ណា​មួយ​នៃ​ភពផែនដី​ក៏​ដោយ។ អ្នក​ដែល​បាន​វាយប្រហារ​លើ​ពលរដ្ឋ​បារាំង​ម្នាក់​ត្រូវ​តែ​យល់​ថា ប្រទេស​របស់​យើង​មិន​ឈរ​ឱបដៃ​នៅ​ស្ងៀម​ទេ គ្មាន​ថ្ងៃ​ដែល​ពួក​គេ​គេច​ផុត​ពី​កណ្តាប់ដៃ​កងទ័ព​របស់​យើង ពី​កង​កុម្ម៉ង់ដូ​របស់​យើង និង​ពី​កម្លាំងសម្ព័ន្ធមិត្ត​របស់​យើង​ឡើយ។
យើង​នឹង​បន្ត​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​ដោយ​មិន​បន្ធូរដៃ​នៅ​តំបន់​សាហ៊ែល​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី និង​ដូច​ជា​នៅ​លើ​ទឹកដី​បារាំង​ផង​ដែរ។ លោក Cédric de Pierrepont លោក Alain Bertoncello សេចក្តីស្លាប់​មិន​បាន​ធ្វើ​ឲ្យ​អស់​លោក​ភ័យខ្លាច​ទេ ព្រោះ​អស់លោក​មាន​ឆន្ទៈ​ដើម្បី​បម្រើ​អ្នក​ដទៃ​ដោយ​មិន​ខ្លាច​ពី​ការ​បង់​ជីវិត​របស់​ខ្លួន​ឯង​ទេ។
ជម្រើស​ដែល​អស់​លោក​បាន​ជ្រើស​យក ជា​ជម្រើស​មួយ​ដែល​បាន​ចេញ​ពី​ដួងចិត្ត​របស់​អស់​លោក​ពិតប្រាកដ។ អស់​លោក​បាន​ចំណាយ​ជីវិត​ខ្លួន​ឯង​ដើម្បី​បុព្វហេតុ​មួយ​ដែល​ធំ​ជាង​បុព្វហេតុ​ផ្ទាល់ខ្លួន​ទៅ​ទៀត នោះ​គឺ ដើម្បី​បុព្វហេតុ​ប្រទេស​បារាំង និង​ដើម្បី​បុព្វហេតុ​សេរីភាព។ ព្រោះ​ការ​ប្រឈម​នឹង​គ្រាប់កាំភ្លើង​របស់​សត្រូវ​ដោយ​គ្មាន​ខ្លាច​រអា វា​ជា​វីរភាព​ដ៏​ថ្លៃថ្នូរ​បំផុត​ក្នុង​នាម​ជា​ទាហាន »៕
Credit: RFI Cambodia

Comments